ខេត្តក្រចេះ ៖ កាលពី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារថ្នាក់ថ្នាក់កណ្តាល ថ្នាក់ខេត្ត ព្រមទាំង លោកមេឃុំថ្មគ្រែ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយឧបត្ថម្ភ ជូនដល់គ្រួសាររងគ្រោះផ្ទះលិចទឹក និងគ្រួសារសពកុមារីរងគ្រោះដោយលង់ទឹកទន្លេ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ដោយទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីចប់កម្មវិធីសម្ភោធផ្លូវ និងរួមដំណើរជាមួយឯកឧត្តមរដ្ឋមន្ត្រី សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដំណាំពីទឹកជំនន់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារថ្នាក់ថ្នាក់កណ្តាល ថ្នាក់ខេត្ត ព្រមទាំង លោកមេឃុំថ្មគ្រែ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយឧបត្ថម្ភ ជូនដល់គ្រួសាររងគ្រោះផ្ទះលិចទឹក ដោយជំនន់ទឹកទន្លេចំនួន ៤ គ្រួសារ ដែល ១ គ្រួសារៗ ទទួលបាន អង្ករ ១ បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ និងថវិកាចំនួន៥ម៉ឺនរៀល។
ទន្ទឹមនោះ ឯកឧត្តម និងក្រុមការងារ ក៏បានបន្តនាំយកលិខិតចូលរួមរំលែក ថវិកាចំនួន១លានរៀល ដែលជាបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី និងសំភារៈថវិកាមួយចំនួនផ្សេងទៀត របស់ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្តចុះមូលដ្ឋានឃុំថ្មគ្រែ ជូនដល់គ្រួសារសពកុមារី០២នាក់ ដែលបានស្លាប់ដោយលង់ទឹកទន្លេ ដែល១គ្រួសារៗ សពទទួលបាន អង្ករ២បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ និងថវិកាចំនួន៧០ម៉ីនរៀល និងបានផ្តាំផ្ញើការចូលរួមរំលែកទុក្ខ ។
ឯកឧត្តម ក៏បានពាំនាំនូវក្តីបារាម្ភ និងការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខសុវត្ថិភាពកូនចៅ ក្នុងរដូវទឹកឡើង និងការធ្វើដំណើរតាមដងផ្លូវ ៕
















