ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០នាទី លោកបណ្ឌិត ឃីម រដ្ឋា រួមជាមួយលោក អ៊ិន នឿន លោក ង៉ែត សិរីវុទ្ធី និងលោក ខេ សុបញ្ញា តំណាងលោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា បាននាំយកអំណោយពីសប្បុរសជនទៅប្រគល់ជូនប្អូនប្រុសឈ្មោះ ង៉ូយ សម្បត្តិ និងប្អូនស្រីឈ្មោះ ម៉េត សារ៉ាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
អំណោយដែលបាននាំយកទៅប្រគល់ជូន រួមមាន បច្ច័យចំនួន ១៨ម៉ឺនរៀល អង្ករ ៦០គីឡូក្រាម ទឹកសុទ្ធ ៥កេស ទឹកផ្លែឈើ ២កេស ទឹកត្រចៀកកាំ ៨យួរ និងមី ១កេស ដែលជាការចូលរួមចំណែកពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាក និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺក្នុងអំឡុងពេលសម្រាកព្យាបាល។
ក្នុងឱកាសនោះ ក៏មានការចូលរួមឧបត្ថម្ភពីព្រះគ្រូធម្មបាលោ ហែម អ៊ិន ព្រះចៅអធិការវត្តអង្គក្ដី ព្រមទាំងព្រះមហាសុខ សាវិន ព្រះគ្រូសូត្រស្ដាំ និងព្រះគ្រូសូត្រឆ្វេង ឆាយ សុភារៈ ផងដែរ។
ប្អូនប្រុស ង៉ូយ សម្បត្តិ និងប្អូនស្រី ម៉េត សារ៉ាន មានទីលំនៅភូមិព្រហ៊ូត ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
សកម្មភាពមនុស្សធម៌នេះ បង្ហាញពីស្មារតីចែករំលែក ការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាលំបាក ដោយសង្ឃឹមថា អំណោយទាំងនេះនឹងជួយសម្រាលបន្ទុកមួយផ្នែក និងផ្តល់កម្លាំងចិត្តដល់ប្អូនទាំងពីរ ឱ្យមានសុខភាពល្អ និងឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ៕








