ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៦ នេះ លោក អ៊ូច សុខអាន តំណាងឱ្យលោកបណ្ឌិត ឃីម រដ្ឋា ប្រធានអង្គភាពរដ្ឋារស្មីស្ទឹងត្រង់ ព្រមទាំងក្រុមការងារ បានចុះសហការជាមួយ លោក គឹម ថា អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ តំណាងឱ្យលោក ចន សុភីត អធិការស្រុកបសេដ្ឋ ព្រមទាំងរដ្ឋបាលឃុំភារីមានជ័យ និងក្រុមការងារ នាំយកជំនួយមនុស្សធម៌ទៅប្រគល់ជូន គ្រួសារលោក ភួង ខ្លឹម ដែលរស់នៅភូមិសាច់ត្រី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលសព្វថ្ងៃកំពុងជួបប្រទះជីវភាពក្រីក្រ និងខ្វះខាតយ៉ាងខ្លាំង។
សរុបអំណោយ និងថវិកាមនុស្សធម៌ដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖ អង្ករ ១៧០ គីឡូក្រាម, មី ២ កេះ និងថវិកាចំនួន ២៧ ម៉ឺនរៀល។
បញ្ជីសប្បុរសជន និងអាជ្ញាធរដែលបានចូលរួមឧបត្ថម្ភ៖
លោក ចន សុភីត (អធិការស្រុកបសេដ្ឋ)៖ ឧបត្ថម្ភ អង្ករ ៧០ គីឡូក្រាម និង ថវិកា ១០ ម៉ឺនរៀល
រដ្ឋបាលឃុំភារីមានជ័យ៖ ឧបត្ថម្ភ អង្ករ ៥០ គីឡូក្រាម និង ថវិកា ៧ ម៉ឺនរៀល
លោក ជា សុខឡេង (សប្បុរសជន)៖ ឧបត្ថម្ភ អង្ករ ១ បាវ (៥០ គីឡូក្រាម)
ក្មួយ សេង (សប្បុរសជន)៖ ឧបត្ថម្ភ ថវិកា ១០ ម៉ឺនរៀល
លោក ចក ប៉ូឡូញ (សប្បុរសជន)៖ ឧបត្ថម្ភ ថវិកា ៥ ម៉ឺនរៀល
(ព្រមទាំងសម្ភារឧបត្ថម្ភបន្ថែមពីក្រុមការងារអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ) ។
នៅក្នុងឱកាសចុះជួបសំណេះសំណាលនោះដែរ លោក គឹម ថា អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ បានសម្តែងនូវការសួរសុខទុក្ខដោយក្តីនឹករលឹក និងភាពស្និទ្ធស្នាលជាពន់ពេកជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានពាំនាំនូវការផ្តាំផ្ញើ និងការអប់រំណែនាំដ៏មានអត្ថន័យ ដោយបានដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋ៖
ខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដោយស្មោះត្រង់ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។ ជៀសវាងឱ្យផុតពីល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ដែលជាដើមហេតុនាំមកនូវភាពវិនាសអន្តរាយ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបំផ្លាញអនាគតគ្រួសារ។
សកម្មភាពនេះមិនត្រឹមតែជាការចែករំលែកអំណោយដើម្បីសម្រាលទុក្ខលំបាកចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសស្មារតី ពង្រឹងសន្តិសុខក្នុងមូលដ្ឋាន និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ កងកម្លាំងសមត្ថកិច្ច និងសប្បុរសជនទាំងអស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ គ្រួសារលោក ភួង ខ្លឹម ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវក្តីរំភើបរីករាយជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត ឃីម រដ្ឋា, លោក ចន សុភីត, អាជ្ញាធរឃុំភារីមានជ័យ ព្រមទាំង លោក ជា សុខឡេង, ក្មួយ សេង, លោក ចក ប៉ូឡូញ និងក្រុមការងារទាំងអស់ ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន ចុះមកជួយឧបត្ថម្ភ និងផ្តល់ការអប់រំណែនាំដ៏ល្អៗដល់ពួកគាត់ដល់ខ្នងផ្ទះ ៕









