ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទឹម សាវឿន ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សនៅមូលដ្ឋានរាជធានីភ្នំពេញ និងលោក ជា ច័ន្ទណារិទ្ធ អនុប្រធានក្រុមការងាររាជធានីភ្នំពេញ អមដំណើរដោយឯកឧត្តម ឃីម រដ្ឋា ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សប្រចាំខណ្ឌព្រែកព្នៅ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង៥ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះដឹកនាំដោយលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហការរវាងក្រុមការងារចលនាកសាងសមាជិកបក្សប្រចាំរាជធានីភ្នំពេញ ក្រុមការងារប្រចាំខណ្ឌ និងគណៈកម្មាធិការគណបក្សតាមមូលដ្ឋានសង្កាត់ ដើម្បីជំរុញការអនុវត្តផែនការការងារឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ក្រុមការងារបានបង្ហាញអំពីសមាសភាព និងតួនាទីរបស់ក្រុមការងារចលនាកសាងសមាជិកបក្សប្រចាំខណ្ឌព្រែកព្នៅ ព្រមទាំងលើកឡើងពីគោលដៅ និងទិសដៅការងារនាពេលខាងមុខ។ ជាមួយគ្នានេះ ក្រុមការងារក៏បានស្នើសុំកិច្ចសហការពីគណៈកម្មាធិការគណបក្សខណ្ឌ និងសង្កាត់ទាំង៥ ក្នុងការសម្របសម្រួលការចុះបំពេញសកម្មភាពនៅតាមមូលដ្ឋាន ការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ ព្រមទាំងការរៀបចំក្រុមការងារដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពចលនាកសាងសមាជិកបក្សឱ្យបានរលូន និងទទួលបានលទ្ធផលល្អប្រសើរ។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងតំណាងគណៈកម្មាធិការគណបក្សតាមសង្កាត់ បានឆ្លើយតបចំពោះសំណើរបស់ក្រុមការងារដោយបង្ហាញនូវឆន្ទៈ និងការសហការដោយរីករាយ។ ភាគីទាំងអស់បានពិភាក្សាអំពីការសម្របសម្រួលការចុះបំពេញការងារនៅតាមមូលដ្ឋាន ការផ្តល់ព័ត៌មាន និងឯកសារចាំបាច់ ព្រមទាំងការគាំទ្រដល់សុវត្ថិភាពរបស់ក្រុមការងារក្នុងអំឡុងពេលចុះអនុវត្តសកម្មភាព។
កិច្ចសហការនេះមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងការងាររវាងថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ព្រមទាំងជួយឱ្យការអនុវត្តផែនការចលនាកសាងសមាជិកបក្សនៅមូលដ្ឋានកាន់តែមានរបៀបរៀបរយ មានប្រសិទ្ធភាព និងស្របតាមទិសដៅការងារដែលបានកំណត់។
ជាទីបញ្ចប់ អង្គប្រជុំបានបង្ហាញពីសារៈសំខាន់នៃការរួមសហការគ្នា ការចែករំលែកព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាឱ្យសកម្មភាពការងារនៅតាមមូលដ្ឋានអាចដំណើរការបានល្អ និងសម្រេចបាននូវគោលដៅដែលបានគ្រោងទុក ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការងារគណបក្សនាពេលអនាគត រួមទាំងការបោះឆ្នោតខាងមុខផងដែរ។








