រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទឹម សាវឿន ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីភ្នំពេញ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងតំណាងគណបក្សថ្នាក់សង្កាត់ និងភូមិ បាននាំយកអំណោយដ៏ថ្លៃថ្លា ដើម្បីចែកជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅភូមិចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងដោយមានការយកចិត្តទុកដាក់ និងស្មារតីអាណិតស្រឡាញ់ចំពោះសមាជិកគណបក្សដែលកំពុងជួបការលំបាកក្នុងជីវភាព ស្របតាមសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម យូ សិរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
គ្រួសារដែលទទួលបានអំណោយនេះ គឺលោកស្រី ម សងថុល អាយុ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកគ្រួសារសរុបចំនួន៤នាក់ ក្នុងនោះមានស្ត្រី៣នាក់ដែលកំពុងសិក្សារៀនសូត្រ និងកំពុងរស់នៅក្នុងស្ថានភាពជីវភាពខ្វះខាត។
អំណោយដែលបាននាំយកទៅប្រគល់ជូនរួមមាន៖ អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន១កេស, ត្រីខ ចំនួន១យួរ, ទឹកស៊ីអ៊ីវ ចំនួន១យួរ, ទឹកត្រី ចំនួន១យួរ, ប៊ីចេង ចំនួន១០កញ្ចប់តូច, អំបិល ចំនួន៥គីឡូក្រាម, ទឹកសុទ្ធ ចំនួន៣កេស, ថវិកា ចំនួន៨០,០០០រៀល ។
ការចុះសួរសុខទុក្ខ និងផ្តល់អំណោយនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្សដែលមានការខ្វះខាត ព្រមទាំងជាការចែករំលែកក្តីស្រឡាញ់ និងការលើកទឹកចិត្តដល់គ្រួសារដែលកំពុងជួបការលំបាក ឱ្យមានកម្លាំងចិត្តបន្តប្រឹងប្រែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងគាំទ្រដល់ការសិក្សារបស់កូនៗក្នុងគ្រួសារ។
សកម្មភាពនេះក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងការជួយគ្នាទៅវិញទៅមកក្នុងសង្គម ដោយមិនទុកឱ្យគ្រួសារដែលកំពុងជួបការលំបាកប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងឡើយ។









