នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។
មានប្រសាសន៍ក្នុងពិធីដ៏អធឹកអធមនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, និង ជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក។ សម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និង កោតសរសើរ, ទាំងចំពោះសកម្មភាពក្នុងស្រុក និង ចំពោះសកម្មភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ យើងក៏មានមោទនភាពបំផុត ដែលទង់ជាតិកម្ពុជា បន្តបក់រវិចជាមួយទង់ជាតិនៃប្រទេសទាំងឡាយ ដែលបរិច្ចាគកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិដូចគ្នា។
សម្ដេចធិបតី បានបន្តថា ជោគជ័យទាំងនេះ ជាសមិទ្ធផលនៃការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស, និង ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ ។
ក្នុងឱកាសនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអភិក្រមការងារដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល គឺ «ការកែទម្រង់ដើម្បីការពង្រឹងខាងក្នុង និង កិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ» ដែលក្នុងនោះរួមមាន៖ ការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន, ការហ្វឹកហ្វឺន, គ្រឿងបំពាក់, ការដាក់អនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា សំដៅកសាងសមត្ថភាពយោធិនកម្ពុជាឱ្យកាន់រឹងមាំបន្ថែមទៀត។ បន្ថែមលើនេះ, កម្ពុជាតែងតែបន្តពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការជាប់ជាប្រចាំ ជាមួយបណ្ដាប្រទេសជាមិត្តនៅលើសកលលោក តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការយោធា រួមទាំងការធ្វើសមយុទ្ធរួមគ្នាទាំងក្នុងកម្ពុជា និងតាមបណ្ដាប្រទេសនានា សំដៅរួមគ្នាកសាងសន្ដិភាព និងសន្ដិសុខក្នុងតំបន់ និង សកល។
ជាទីបញ្ចប់, សម្ដេចធិបតី បានផ្ដល់នូវអនុសាសន៍មួយចំនួន រួមមាន ៖ ទី១. ត្រូវចងចាំជានិច្ចថា បងប្អូន ជាតំណាងឱ្យកិត្តិយស និង មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ, ទី២. ត្រូវបន្តខិតខំហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព និង ជំនាញវិជ្ជាជីវៈ, ព្រមទាំង ប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រីកចំណេះដឹង, យល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ, នយោបាយ, វប្បធម៌, សង្គម និង ហានិភ័យ នៃបេសកកម្មនីមួយៗ ដើម្បីសម្រេចបានជោគជ័យ និង ប្រកបដោយសុវត្ថិភាព។ ទី៣. ត្រូវបន្តគោរពក្រមសីលធម៌, វិន័យ និង បទបញ្ជា របស់អង្គការសហប្រជាជាតិ ព្រមទាំង ត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ និង កិត្តិយស របស់ប្រទេសជាតិ និង កងយោធពលខេមរភូមិន្ទ ។ ទី៤.ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស, ជាមួយប្រជាជន, គោរពទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សាសន៍ដទៃ, និង ចេះជួយប្រជាជននៅកន្លែងដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ ។ និង ទី៥. ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ,ទាំងគ្រោះថ្នាក់ដែលអាចកើតឡើងពីការប្រយុទ្ធ, ពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា, ពីការវាយប្រហារពួនស្ទាក់, និង ពីជំងឺឆ្លង និង ជំងឺកាចសាហាវនានា ។ ជារួម, ត្រូវចេះស្រលាញ់គ្នា, មើលថែរក្សាគ្នា, ចេះយកអាសារគ្នា ដូចពាក្យចាស់លោកតែងពោលថា «នៅផ្ទះម្ដាយទីទៃ, នៅព្រៃម្ដាយតែមួយ» ៕







