កំពង់ចាម៖ នាព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សុភ័ក្រ អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលបានរៀបចំឡើងនៅវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប។
យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស យុវជន និងសាធារណជន អំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានត្រឹមត្រូវ មុនពេលជឿ ឬចែករំលែកបន្ត ព្រមទាំងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយសីលធម៌ និងការគោរពច្បាប់។
ក្នុងឱកាសនោះ ក៏បានអំពាវនាវឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ និងបដិសេធការផលិត ការចែកចាយ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការភាន់ច្រឡំ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំនឿទុកចិត្តរបស់សាធារណជន។
ការរៀបចំយុទ្ធនាការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការពង្រឹងការអប់រំផ្នែកចំណេះដឹងឌីជីថល (Digital Literacy) ជំរុញការប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងរួមចំណែកកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព តម្លាភាព និងគួរឱ្យទុកចិត្ត៕








