ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ឃីម រដ្ឋា ចាងហ្វាងការផ្សាយអង្គភាពគេហទំព័ររដ្ឋារស្មីស្ទឹងត្រង់ បានដឹកនាំក្រុមការងារ សហការជាមួយតំណាងអង្គការ ចីរភាពបរិស្ថានកម្ពុជា ដោយមាន លោក អុិន យឿន ជាតំណាងលោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនប្អូនស្រី រស់ សុភា ហៅ ភាព ដែលកំពុងមានជំងឺធ្ងន់ធ្ងរ និងសម្រាកព្យាបាលនៅក្នុងផ្ទះ ដោយមិនអាចក្រោកឈរឬធ្វើសកម្មភាពផ្សេងៗបាន។
ប្អូនស្រី រស់ សុភា បច្ចុប្បន្នរស់នៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ដោយសារស្ថានភាពជំងឺមានភាពធ្ងន់ធ្ងរ និងជួបប្រទះការខ្វះខាតថវិកាក្នុងជីវភាពប្រចាំថ្ងៃ ការចុះសួរសុខទុក្ខ និងផ្ដល់ជំនួយនៅពេលនេះ គឺជាការចូលរួមចំណែកសម្រាលការលំបាក ព្រមទាំងបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងជួបការលំបាកក្នុងសង្គម។
អំណោយដែលក្រុមការងារបាននាំយកទៅប្រគល់ជូនរួមមាន៖
អង្ករចំនួន ៥០គីឡូក្រាម
ទឹកសុទ្ធចំនួន ៥យួរ
ទឹកស៊ីអ៊ីវចំនួន ២យួរ
មីចំនួន ១កេស
ថវិកាចំនួន ២៥០,០០០រៀល (ម្ភៃប្រាំម៉ឺនរៀល)។
ក្នុងឱកាសនោះ លោកបណ្ឌិត ឃីម រដ្ឋា និងក្រុមការងារ បានសម្ដែងនូវការអាណិតអាសូរ និងលើកទឹកចិត្តដល់ប្អូនស្រីឱ្យមានភាពរឹងមាំ អត់ធ្មត់ និងថែរក្សាសុខភាព ព្រមទាំងជូនពរឱ្យឆាប់បានធូរស្រាលពីជំងឺ។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីស្មារតីចែករំលែក សាមគ្គីភាព និងការចូលរួមជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់វណ្ណៈ ឬស្ថានភាពជីវភាពឡើយ។ ទឹកចិត្តសប្បុរសធម៌ ទោះជាតិចក្ដី ឬច្រើនក្ដី ក៏អាចក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់អ្នកដែលកំពុងជួបការលំបាកក្នុងជីវិតផងដែរ។
អំពើល្អមិនចាំបាច់រង់ចាំឱ្យមានច្រើន ទើបអាចចែករំលែកបាន ៕








