ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ជូន បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ។
បញ្ហាមួយទៀតត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។
ការណែនាំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ និងមន្ទីរពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។