កណ្តាល ៖ ឈ្មោះ គ្រី ប៉េងលេង ហៅ ថាត់ ជាម្ចាស់អាជីវកម្ម Mr. LENG KTV បានរត់គេចខ្លួនបាត់ ក្រោយរងការចោទប្រកាន់ ពីបទឃុបឃិតផ្តល់ទីតាំង ឱ្យក្រុមឧក្រិដ្ឋជន លួចបង្កប់ស្គេមអនឡាញ បន្ទាប់ពីគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលបានអនុវត្ត និងបន្តបើកយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងស្គេមអនឡាញ ដោយឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ គណៈបញ្ជាការឯកភាពខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបន្តបើកយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងស្គេមអនឡាញ ២ កន្លែងទៀត ទីតាំងទី១ នៅដីឡូតិ៍ធំ កណ្តាលព្រៃក្នុងបឹង ស្ថិតឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល និងទី២ នៅមណ្ឌលកម្សាន្ត Mr. LENG KTV ក្បែរសាលាស្រុកលើកដែក ដែលមានម្ចាស់កម្មសិទ្ធិ ឈ្មោះ គ្រី ប៉េងលេង ហៅ ថាត់ ដោយឃាត់ខ្លួនជនបរទេសបាន ៣៨ នាក់ ភាគច្រើនជាជនជាតិចិន។
សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅបង្ក្រាបកសិដ្ឋានចិញ្ចឹមត្រី របស់ឈ្មោះ គ្រី ប៉េងលេង នៅស្រុកលើកដែក ខេត្តកណ្តាល ដោយដកហូតបានអាវុធវែង ២ដើម, ស្នាបាញ់គ្រាប់ដែកចំនួន១ដើម និងគ្រាប់កាំភ្លើងចំនួន ១៣០គ្រាប់។
ទាក់ទិននិងករណីខាងលើនេះ ប្រជាពលរដ្ឋ បានហួសចិត្ត ចំពោះអាជ្ញាធរនៅក្នុងមូលដ្ឋាន ដែលទុកឱ្យបទល្មើសបានកើតឡើង នៅក្បែរសាលាស្រុក ជាមួយគ្នានោះផងដែល ប្រជាពលរដ្ឋបង្ហើបថា កន្លងមកឈ្មោះគ្រី ប៉េងលេង តែងតែអាងអំណាចខ្លួន ជាអតីត សមាជិក ក្រុមប្រឹក្សាស្រុកលើកដែក ដើរគំរាមកំហែង អ្នកជិតខាងបង្កការភ័យខ្លាច និងអួតអាងថាខ្លួនមានខ្នងបង្អែក ជារដ្ឋលេខាធិការ នៅពីក្រោយខ្នង។
មហាជនស្នើសុំឱ្យថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់ដកហូតបុណ្យស័ក្តិ និងអ្នកកាងនៅពីក្រោយករណីខាងលើនេះឱ្យម៉ឺងម៉ាត់បំផុត ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន គឺ ការបង្ក្រាបល្បែងអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្ក្រាប និងដកចោលមន្ត្រីពាក់ព័ន្ធដែលអសកម្ម ៕








