ខេត្តរតនគិរី៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦៖ យុទ្ធនាការសម្អាតបរិស្ថានមួយត្រូវបានរៀបចំឡើងនៅក្នុងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ដោយមានការចូលរួមយ៉ាងសកម្មពីលោកអភិបាលស្រុកកូនមុំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអង្គការសង្គមស៊ីវិលជាច្រើន។
ក្នុងយុទ្ធនាការនេះ មានការដឹកនាំ និងចូលរួមពីលោក នូរថេរ អភិបាល និងគណៈអភិបាលស្រុកកូនមុំ មេឃុំ មេប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ព្រមទាំង
លោក និត ស៊ីមួយ ប្រធានសាខាអង្គការចីរភាពបរិស្ថានកម្ពុជា ប្រចាំខេត្តរតនគិរី អនុប្រធាន និងសមាជិកអង្គការ ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តសកម្មភាពសម្អាតបរិស្ថាន។
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៥០០នាក់ បានចូលរួមយ៉ាងផុលផុសក្នុងការរើសសំរាម សម្អាតអនាម័យ និងថែរក្សាបរិស្ថាននៅតាមដងផ្លូវសាធារណៈ និងទីសាធារណៈនានាក្នុងមូលដ្ឋាន។
អាជ្ញាធរស្រុកកូនមុំ និងអាជ្ញាធរខេត្តរតនគិរី បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាបរិស្ថាន ដោយជំរុញឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ ចូលរួមថែរក្សាអនាម័យ និងបរិស្ថានឱ្យបានស្អាត ស្រស់បំព្រង និងមានសោភ័ណភាពល្អ។
សកម្មភាពនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាបរិស្ថាន បង្កើនភាពស្អាតនៅតាមមូលដ្ឋាន និងជំរុញឱ្យសហគមន៍ចូលរួមអភិរក្សបរិស្ថានឱ្យបានប្រកបដោយនិរន្តរភាព។
រាយការណ៍ដោយ៖ លោក ឃីម រដ្ឋា
ទូរស័ព្ទ៖ 069 254 747









