រាជធានីភ្នំពេញ ៖ លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងក្នុងវិស័យព័ត៌មាន នៅសាលប្រជុំ ភោជនីយដ្ឋានបាយ័ន កាល់ម៉ែត នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មានចំនួន ១២៥នាក់ មកពី៥០ អង្គភាពសារព័ត៌មាន។
ថ្លែងក្នុងពិធីសំណេះសំណាល និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងវិស័យព័ត៌មាន លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានកោតសរសើរចំពោះអ្នកសារព័ត៌មាន ដែលតែងតែយកក្រមសីលធម៌ វិជ្ជាជីវៈ មកអនុវត្ដក្នុងពេលបំពេញបំពេញភារកិច្ច និងបានចូលផ្សព្វផ្សាយនូវព័ត៌មានពិតជូនប្រជាពលរដ្ឋ ដេីម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ព័ត៌មាន និងអព្យាក្រឹតព័ត៌មាន។ លោកបណ្ឌិត បានបន្ដទៀតថា ការដែលមិនយកក្រមសីលធម៌ វិជ្ជាជីវៈ មកអនុវត្ដ នោះផ្ទុយពីច្បាប់ និងបង្កឱ្យបាត់បង់ទំនុកចិត្ត ពីអ្នកអាន ឬអ្នកទទួលព័ត៌មាន។
លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ស្ថាប័ន ឬ អង្គភាពសារព័ត៌មាន អ្នករាយការណ៍ព័ត៌មាន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ដេីម្បីឱ្យសង្គមមានស្ថេរភាព និងរីកចម្រើន ខណៈអង្គភាព ឬ អ្នកសារព័ត៌មាន រាយការណ៍នូវព័ត៌មានពិត និងតម្លាភាព។
ក្នុងកិច្ចពិភាក្សា អ្នកសារព័ត៌មាន ដែលមានវត្តមានចូលរួមបានលើកឡើងថា កន្លងបញ្ហាប្រឈមជាច្រើន ដែលអ្នកសារព័ត៌មានបានជួបប្រទះ ។
ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានប្រគល់លិខិតសរសើរ ជូនអ្នកសារព័ត៌មាន ដែលសមាគមបានវាយតម្លៃថាបានអនុវត្តសកម្មភាពល្អក្នុងអាជីពព័ត៌មាន ដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ៕








