កំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោក អាន វណ្ណា ប្រធានអង្គការចីរភាពបរិស្ថានកម្ពុជា ប្រចាំសាខាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ព្រមទាំងក្រុមគ្រួសារ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តឥន្ធមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតនៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក អាន វណ្ណា និងក្រុមការងារ បាននាំយកចង្ហាន់ និងទេយ្យវត្ថុចូលរួមប្រគេនព្រះសង្ឃ ព្រមទាំងបានចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីកាន់បិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនា។
ជាមួយគ្នានេះ លោក អាន វណ្ណា និងក្រុមការងារ ក៏បានចុះពិនិត្យមើលស្ថានភាពកូនឈើដែលបានដាំកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ កន្លងមក។ ជាលទ្ធផល កូនឈើដែលបានដាំនៅក្នុងបរិវេណវត្ត មានការលូតលាស់ល្អ និងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់។
ដើម្បីបន្តលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ លោក អាន វណ្ណា និងក្រុមការងារ ក៏បានចូលរួមក្នុងយុទ្ធនាការ «ពន្លកបៃតង» ដោយបន្តដាំកូនឈើនៅក្នុងបរិវេណវត្ត រួមជាមួយព្រះគ្រូចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ។
ព្រះគ្រូចៅអធិការវត្តឥន្ធមុនីវ័ន ហៅវត្តស្រែអំពៅ ព្រះគ្រូ ឆន ធាវ័ន បាននិមន្ត និងអញ្ជើញចូលរួមក្នុងសកម្មភាពនេះ ដោយមានការចូលរួមពីលោកមេភូមិស្រែអំពៅ លោក ភន លាងហ៊ត លោកស្រី លេង គៀង ព្រមទាំងបុត្រ និងចៅៗ ឧបាសិកា តាំង ទាង ឧបាសិកា ប៉ាន់ ណៃ នៅឃុំពាមក្រស្នា កូនចៅឧបាសក ឡុក ឡុង និងឧបាសិកា នួន ណែម នៅដីលើ ព្រមទាំងសប្បុរសជនជិតឆ្ងាយ និងញាតិញោមក្នុងភូមិស្រែអំពៅ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏មានការចូលរួមឧបត្ថម្ភពីលោកឧកញ៉ា ឌី សំណាង ជាបុត្រពៅរបស់លោកជំទាវឧកញ៉ា សេង គៀង និងឯកឧត្តម ជា សំណាង នៅរាជធានីភ្នំពេញ ដោយបានចូលរួមចំណែកក្នុងការទិញដីប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ព្រះសង្ឃ និងវត្តអារាម។
ដីដែលបានចូលរួមទិញប្រគេនព្រះសង្ឃនេះ ស្ថិតនៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាសកម្មភាពមួយបង្ហាញពីសទ្ធាជ្រះថ្លា និងការចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គម។
ជាចុងក្រោយ ព្រះគ្រូចៅអធិការវត្ត ឆន ធាវ័ន បានមានសង្ឃដីកាផ្តាំផ្ញើដល់ញាតិញោម ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ សូមចូលរួមថែរក្សា ការពារ និងបណ្តុះកូនឈើទាំងឡាយឱ្យបានល្អ ដើម្បីចូលរួមលើកកម្ពស់ធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងទុកជាកេរដំណែលដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
សកម្មភាពនេះ គឺជាការរួមបញ្ចូលគ្នារវាងការគោរពប្រពៃណីព្រះពុទ្ធសាសនា ការចូលរួមក្នុងសកម្មភាពសង្គម និងការថែរក្សាបរិស្ថាន ដោយបង្ហាញពីស្មារតីសាមគ្គីភាព សទ្ធាជ្រះថ្លា និងការទទួលខុសត្រូវរួមចំពោះធនធានធម្មជាតិ។
ជាទីបញ្ចប់ សូមប្រគេនពរ និងជូនពរ ឯកឧត្តម លោកជំទាវ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ សប្បុរសជន ព្រមទាំងក្រុមការងារអង្គការចីរភាពបរិស្ថានកម្ពុជា សូមជួបប្រទះតែពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



















