កណ្តាល ៖ ឯកឧត្តមគួច ចំរើនអភិបាលខេត្តកណ្ដាលបានសម្ដែងការស្វាគមន៍ចំពោះ ការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងហេដ្ឋរចនាសម្ព័ន្ធនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ចុះចូលរួមពិនិត្យ និងធ្វើតេស្តិ៍ជាក់ស្ដែង ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេសខេត្ត ដើម្បីយកលទ្ធផលពិតប្រាកដ ជាមូលដ្ឋានក្នុងការផ្សព្វផ្សាយបំភ្លឺសាធារណមតិវិញ ដែលនេះជាការផ្សាយប្រកបដោយវិជ្ជាជីវៈ និង តម្លាភាព។
ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្រុកលើដែក ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖ កន្លងមកមានការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់មូលនិធិឃុំ-សង្កាត់ និងក្រុង-ស្រុក។ ដូចនេះ នៅពេលក្រុមការងារបច្ចេកទេសខេត្តចុះពិនិត្យ សូមអ្នកសារព័ត៌មានចូលរួមពិនិត្យ និងធ្វើតេស្តិ៍ជាក់ស្តែង ចៀសវាងការសន្និដ្ឋាន ឬការដាក់ការសង្ស័យដោយគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់ បង្ករការភ័ន្ដច្រឡំដល់ សាធារណៈមតិ។
ឯកឧត្តមបានបន្ថែមថា ប្រសិនបើអ្នកសារព័ត៌មាន បានចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាល និងផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្លាភាព រដ្ឋបាលខេត្តនឹងផ្តល់ប័ណ្ណសរសើរជូន ដើម្បីឆ្លើយតបទៅនឹងការរួមចំណែកកែលម្អពិតប្រាកដ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន បានណែនាំដល់ លោក ថន សុវណ្ណា អភិបាលស្រុកលើកដែក ដែលទើបតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់លើការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា យោងតាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ថន សុវណ្ណា ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ មកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក ជំនួសលោក ចាប ចន្ទវិទ្យា ដែលត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង៕








