ព្រះវិហារ៖ នាថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត និងឯកឧត្តម ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត បានដឹកនាំប្រតិភូក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនវីរកងទ័ពជួរមុខ នៅកងអន្តរាគមន៍លេខ៣២៤។
ការចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការចងចាំចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងរក្សាសន្តិសុខនៅតាមតំបន់ជួរមុខ។
ក្នុងឱកាសនោះ ប្រតិភូក្រុមការងារបានសម្តែងការគោរព និងថ្លែងអំណរគុណចំពោះកងទ័ពជួរមុខ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ព្រមទាំងជូនពរដល់វីរកងទ័ព និងក្រុមគ្រួសារ ឱ្យទទួលបានសុខភាពល្អ សុភមង្គល និងសុវត្ថិភាព ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។








