នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៦ ក្រុមការងារអង្គភាពរដ្ឋារស្មីស្ទឹងត្រង់ តំណាងដោយ លោក អ៊ូច សុខអាន និង លោក ផាត ចំរើន ព្រមទាំងមានការចូលរួមសហការពី លោក អ៊ូច សំអុល បានចុះបេសកកម្មមនុស្សធម៌ផ្ទាល់មកកាន់ ភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
តាមរយៈការចុះពិនិត្យជាក់ស្តែង ដោយមានការសម្របសម្រួល និងសហការពី លោក ញ៉ែល ស៊ីធឿន មេភូមិកញ្ចាង ក្រុមការងារបានឃើញយ៉ាងច្បាស់ពីទុក្ខលំបាកយ៉ាងក្រៃលែងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣ គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ព្រមទាំងមានជំងឺប្រចាំកាយ ត្រូវការជំនួយជាចាំបាច់។
នៅក្នុងឱកាសនោះ ក្រុមការងារបានរៀបចំការហូបអាហារសាមគ្គីជុំគ្នាយ៉ាងកក់ក្តៅ និងបាននាំយកអំណោយ ព្រមទាំងថវិកាឧបត្ថម្ភជូនដល់ពួកគាត់ រួមមាន៖
១. គ្រួសារទី១៖ លោកពូ មៀជ ឃ្លាំ (អាយុ ៥៥ ឆ្នាំ) និងអ្នកមីង ង៉ែត ជន (អាយុ ៥៥ ឆ្នាំ)
២. គ្រួសារទី២៖ លោក និត មករា (អាយុ ៣៦ ឆ្នាំ) និងលោកស្រី ស៊ន ស្រីរាម (អាយុ ៣៦ ឆ្នាំ)
៣. គ្រួសារទី៣៖ លោក ម៉ែន រតនា (អាយុ ៣៤ ឆ្នាំ) និងលោកស្រី សន ស្រីរ័ត្ន (អាយុ ៣៤ ឆ្នាំ)
ក្នុងនោះ គ្រួសារនីមួយៗទទួលបានសម្ភារ និងថវិកាឧបត្ថម្ភរួមមាន៖ អង្ករ ២ បាវ (ស្មើនឹង ៥០, គីឡូក្រាម) , ទឹកបរិសុទ្ធ ១ កេស, មី ១ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ត្រីខ ១ យួរ, ថវិកាឧបត្ថម្ភចំនួន ១០ ម៉ឺនរៀល (100,000 ៛) ។
សូមបញ្ជាក់ផងដែរថា ថវិកានិងសម្ភារជំនួយទាំងអស់នេះ គឺបានមកពីទឹកចិត្តជ្រះថ្លារបស់ សប្បុរសជនជិតឆ្ងាយទាំងអស់ ដែលបានចូលរួមបរិច្ចាគតាមរយៈក្រុមការងារ ដើម្បីជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងមានជំងឺ។
ក្រុមការងារយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ និងអាជ្ញាធរដែនដី ដែលបានសម្រួល និងគាំទ្រដល់សកម្មភាពមនុស្សធម៌មួយនេះឲ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយបរិយាកាសកក់ក្តៅបំផុត ៕








