ខេត្តកែប÷កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានការចែករំលែករូបភាព និងវីដេអូលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពក្រុមកម្មករកំពុងមមាញឹកលើកដាក់ និងផ្ទេរទំនិញ «ស្ករស» ចេញពីរថយន្តកុងតឺន័រប្រមាណ ៧គ្រឿង នៅចំណុចកំពង់ផែសេះស ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានអះអាងថា សកម្មភាពខាងលើត្រូវបានគេសង្ស័យថាជាការបន្លំប្រភពដើមទំនិញ ដោយក្រុមកម្មករបានហែកប្តូរសំបកបាវស្ករសដែលមានអក្សរ «ថៃ» ចេញ រួចច្រកចូលទៅក្នុងសំបកបាវថ្មីដែលមានអក្សរ «វៀតណាម» ជំនួសវិញ។ ការធ្វើបែបនេះ ត្រូវបានគេរាយការណ៍ថា ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនបន្តតាមផ្លូវទឹកឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ខណៈប្រភពដដែលបានបង្ហើបថា អាជីវកម្មនេះអាចជាប់ពាក់ព័ន្ធនឹងឈ្មួញធំម្នាក់នៅខេត្តកំពត។
ជុំវិញករណីនេះ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភអំពីការបន្លំប្រភពទំនិញ និងការគេចពន្ធនាំចេញ-នាំចូល ព្រមទាំងបានស្នើសុំយ៉ាងទទូចដល់ រដ្ឋបាលខេត្តកែប ស្ថាប័នអយ្យការ និងមន្ត្រីជំនាញពាក់ព័ន្ធ រួមមាន មន្ត្រីគយ និងរដ្ឋាករ មន្ត្រីសាខា ក.ប.ប. និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមមេត្តាចុះស្រាវជ្រាវ និងត្រួតពិនិត្យភាពស្របច្បាប់នៃទំនិញទាំងនោះជាបន្ទាន់ ដើម្បីធានាបាននូវតម្លាភាព និងទប់ស្កាត់ការបាត់បង់ចំណូលពន្ធរដ្ឋ៕








