(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សផ្សេងៗ ដែលបានអញ្ជើញចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អ៊ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុកក្រូចឆ្មារ លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអមដំណើរ សមាជិក សមាជិកា ជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្ដើមកម្មវិធី លោក សយ ទូច ប្រធានគណ:កម្មាធិការគណបក្សស្រុក បានឡើងធ្វើរបាយការណ៏ស្វាគមន៍ជូនគណៈអធិបតី និងសម្តែងការសាទរ ចំពោះសមាជិក សមាជិកាថ្មីដែលទើបបានចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ពិធីជួបសំណេះសំណាលនាថ្ងៃនេះសម្រាប់ស្រុកក្រូចឆ្មារ មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលបានកើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពី ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។
ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តម យូ សិរីវុឌ្ឍ បានមានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន ៕








