ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរាជទូត​ម៉ាឡេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម ស្យា​ហា​រ៉ូ​ឌីន ប៊ីន អ៊​ន​(Shaharuddin Bin Onn) ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់​ឯកឧត្តម Shaharuddin Bin Onn និង​សហការី និង​បាន​អបអរសាទរ​ដល់​ឯកឧត្តម Shaharuddin Bin Onn ដែល​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ សង្ឃឹម​ថា​ឯកឧត្តម​អគ្គ​រាជទូត និង​ខិតខំ​បន្ត​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ម៉ាឡេស៊ី និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ឱ្យបាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​បន្ថែមទៀត​។ សម្ដេច​តេជោក៏សូម​សម្ដែង​នូវ​ការចូលរួមរំលែក​ទុក្ខ ចំពោះ​មរណភាព​របស់ ឯកឧត្តម Datuk Mutang Tagal ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​ម៉ាឡេស៊ី ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា​កន្លង​ទៅនេះ ។ សម្តេច​ប្រធាន ក៏​បាន​រម្លឹក​ពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម Anwar Ibrahim​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នៅ​កម្ពុជា កាលពីដើមឆ្នាំ​២០២៣ និង​បាន​អញ្ជើញ​សម្តេច​ទៅ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​វិញ​នា​ពេល​នោះ​។ បើ​ទោះបីជា​សម្តេច​ពុំបាន​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយសារ​កត្តា​ពេលវេលា ប៉ុន្តែ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ដែល​ជា​ការបង្ហាញ​ពី​ការបន្ត​ទំនាក់ទំនង​កម្ពុជា​-​ម៉ាឡេស៊ី​មិន​ដាច់​រយៈ​ដោយ​បន្ត​ពី​ថ្នាក់ដឹកនាំ​ចាស់ មក​ថ្នាក់ដឹកនាំ​ថ្មី​។​

​ឯកឧត្តម​អគ្គរាជទូត បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ ដែល​បាន​ផ្តល់​កិត្តិយស និង​ពេលវេលា​ដ៏​មាន​តម្លៃ​ដល់​ឯកឧត្តម និង​សហការី​។ ឯកឧត្តម ក៏​បាន​អបអរសាទរ​ចំពោះ សម្ដេច​តេជោ​ដែល​ត្រូវបានជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា​។ ឯកឧត្តម​បាន​លើកឡើង​ថា សម្ដេច​តេជោ បាន​សម្រេច​នូវ​សមិទ្ធផល​ដ៏​ធំធេង ជាពិសេស សុខសន្តិភាព និង ជា​អ្នក​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ភាពដុនដាប មក​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​។ ឯកឧត្តម បាន​បន្តថា ការផ្លាស់ប្តូរ​អគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្រើ​រយៈពេល​ខ្លី​ណាស់ ដោយ​គ្រាន់តែ​អគ្គរាជទូត​ចាស់​ចេញផុត​ភ្លាម អគ្គរាជទូត​ថ្មី​ក៏​បាន​មកដល់ និង​ចាប់ផ្តើម ធ្វើការ​ភ្លាម ដោយសារតែ​ប្រទេស​ម៉ាឡេស៊ី បានផ្ដល់​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​អគ្គរាជទូត បាន​បង្ហាញ​នូវ​ការវាយតម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​កម្ពុជា​-​ម៉ាឡេស៊ី និង​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ឱ្យ​កាន់តែ​រឹងមាំ និង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស បន្ត​អនុវត្ត​នូវ​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​កំណត់ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ ដូចជា​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ការងារ​និង​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យា​ឌីជីថល និង​ឧស្សាហកម្ម​អាហារ​ហា​ឡាល់ (Halal)​។ ឯកឧត្តម ក៏​បាន​បញ្ជាក់ជូន​សម្តេច​តេជោ បន្ថែម​ផងដែរ​ថា ទំនាក់ទំនង​រវាងរដ្ឋាភិបាល និង​រដ្ឋាភិបាល រវាង​អ្នកវិនិយោគ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច និង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ គឺ​មាន​ការរីកចម្រើន​ល្អប្រសើរ និង​ត្រូវ​តែ​ពង្រឹង​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការពេញចិត្ត និង​មោទនភាព ដែល​ក្នុង​រយៈពេល​នៃ​ការដឹកនាំ​របស់​សម្តេច ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី បាន​ចូលរួម​កសាង និង​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ រហូត​បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិកា​រដល់​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី ក៏​ដូច​ជា​អ្នកនយោបាយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។ សម្តេច មានប្រសាសន៍​បន្ថែម​ថា សម្ដេច និង​ថ្នាក់ដឹកនាំ​ជំនាន់​ចាស់​ដទៃទៀត បាន​ចាកចេញ​ពី​ស្ថាប័ន​នីតិប្រតិបត្តិ តែ​ពុំ​បាន​ទៅ​ណា​ឆ្ងាយ​នោះទេ ដោយ​មួយចំនួន​ស្ថិត​នៅក្នុង​ព្រឹទ្ធសភា និង រដ្ឋសភា ហើយ​នៅតែ​ធ្វើការ​ជាប់​នឹង​នយោបាយ​ដែល​មាន​លទ្ធភាព​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ កាន់តែ​ប្រសើរ​ឡើង​។​

​សម្តេច​ប្រធាន ពេញចិត្ត​ចំពោះ​កំណើន​ការវិនិយោគ​ពី​ម៉ាឡេស៊ី និង​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជាពិសេស​គឺ​ការទិញ​អង្ករ​ពី​កម្ពុជា ដែល​ជួយ​ដល់​កសិករ​កម្ពុជា​ខិតខំ​ដាំ​ដុះ​បន្ថែមទៀត និង ដល់​សន្តិសុខ​ស្បៀង​របស់​ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្ត​ឱ្យ​មាន​ការជំរុញ​ការវិនិយោគ​និង​ផ្លាស់ប្ដូរ​ទំនិញ​ផ្សេងៗ​ទៀត​។ សម្ដេច​តេជោ​បានចាត់ទុ​ក​ថា​ការ​ដឹកទំនិញ​តាម​ផ្លូវទឹក​រវាង​កំពង់ផែ​ក្រុងព្រះសីហនុ និង​កំពង់ផែ​ម៉ាឡេស៊ី​នៅ​ជិត​គ្នា​ណាស់ ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ដឹកទំនិញ​ចេញ​ចូល​តាម​ផ្លូវទឹក​។​

​កាលពី​ខែ​មីនា ឆ្នាំ​២០២៣ សម្តេច និង​ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ពិភាក្សា​ពី​ការតភ្ជាប់​ខ្សែកាប​ក្រោម​បាតសមុទ្រ​ដែល​ឆ្លងកាត់​បាតសមុទ្រ​ម៉ាឡេស៊ី ដើម្បី​បញ្ជូន​អគ្គិសនី​ពី​កម្ពុជា ទៅ​សឹង្ហ​បុរី​។ ដូច្នេះ កម្ពុជា និង​ម៉ាឡេស៊ី នឹង​មាន​ការតភ្ជាប់​ការដឹកជញ្ជូន ការតភ្ជាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់​ថាមពល ដើម្បី​ធានា​សន្តិសុខ​ថាមពល ដល់​ម៉ាឡេស៊ី​ផង និង​អាស៊ាន​ផង​។ ម៉ាឡេស៊ី​ទិញ​អង្ករ​ពី​កម្ពុជា បាន​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា និង​ធានា​សន្តិសុខ​ស្បៀង​ម៉ាឡេស៊ី ហើយ​កម្ពុជា​ក៏​ទិញ​ប្រេងដូង​ពី​ម៉ាឡេស៊ី​វិញ នេះ​គឺជា​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​ទាក់ទង​ទៅនឹង​ឧស្សាហកម្ម​ម្ហូប​ហា​ឡាល់ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​ថា​រហូត​មក​ដល់ពេលនេះ យើង​ពុំ​ទាន់​ជោគជ័យ​នៅ​ឡើយ​ទេ ហើយ​ថ្មីៗ​នេះ​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី​ទៅ​ម៉ាឡេស៊ី ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ជំរុញ​ការផលិត​ម្ហូបអាហារ​ហា​ឡាល់​នេះ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន​។ សម្តេច បាន​បន្ថែមថា កម្ពុជា​មាន​សក្តានុពល​ក្នុង​វិស័យ​នេះ ហើយ​ម៉ាឡេស៊ី ក៏​ចង់​ជួយ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការនាំចេញ​អាហារ​ហា​ឡាល់​នេះ​ទៅ​ក្រៅប្រទេស ដូចនេះហើយ សម្តេច​ពិតជា​ចង់ឃើញ គម្រោង​នេះ​សម្រេច​ជោគជ័យ​ជាក់ស្តែង​នាពេល​ខាងមុខ​ដ៏​ខ្លី​។​

​សម្ដេច​តេ​ជោបាន​រំលឹក​ពី​ការផ្ទេរតំណែង​ពី​ជំនាន់​ចាស់​ទៅ​ជំនាន់​ថ្មី ហើយ​ក្នុង​រយៈពេល ៩​ខែ​កន្លងមកនេះ សុខ​សន្តិភាព​ត្រូវបាន​ធានា​, ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ស្ថិតស្ថេរ និង​កំណើន​សេដ្ឋកិច្ច នៅតែ​បន្ត​កើនឡើង​។ ឆ្នាំ​នេះ​កម្ពុជា​សង្ឃឹមថា​កំណើន​សេដ្ឋកិច្ច​អាច​នឹង​ឈានដល់​៦% ដោយ​វិស័យ​ឧស្សាហកម្ម និង​ទេសចរណ៍​ជាដើម​។ សម្ដេច​តេជោ​បានស្នើឱ្យ ឯកឧត្តម​ឯកអគ្គរាជទូត​បន្ត​ការខិតខំ ពង្រឹង​បន្ថែមទៀត ជាពិសេស​ការសម្រេច​ឱ្យបាន​នូវ​ឧស្សាហកម្ម​ម្ហូប​ហា​ឡាល់ ដើម្បី​ផ្គត់ផ្គង់​ទៅ​តំបន់​ផ្សេងទៀត​។​

​សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​ថា កម្ពុជា​បាន​ផ្ដល់​អាទិភាព​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​បាន​ជំរុញ​ឱ្យ​ភាគី​ម៉ាឡេស៊ី យកចិត្តទុកដាក់​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​វិនិយោគិន​ម៉ាឡេស៊ី និង​កម្ពុជា​ផង និង​តម្រូវ​ទីផ្សារការងារ នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ខ្វះ​ពលកម្ម​នោះ​ផង​។​

​សម្ដេច​តេជោ និង ឯកឧត្តម ឯកអគ្គរាជទូត​ម៉ាឡេស៊ី ក៏​បាន​ឯកភាពគ្នា​ទៅ​លើ​សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា ដែល​នៅតែ​ជា​បញ្ហា​ធំ និង​ស្មុគស្មាញ សម្រាប់​ប្រទេស​អាស៊ាន និង​ជា​បន្ទុក​ដ៏​ធំ​ផងដែរ​សម្រាប់​ម៉ាឡេស៊ី​ដែល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ខាងមុខនេះ​។ អំពី​បញ្ហា​នៅ​មជ្ឈឹម​បូ​ព៌ា សម្ដេច​តេជោ និង​ឯកឧត្តម​ឯកអគ្គរាជទូត​ម៉ាឡេស៊ី មើលឃើញថា សភាពការណ៍​នៅ​តែ​តានតឹង​នៅឡើយ​។ ឯកឧត្តម​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅតែមាន​គោល​ជំហរ​ដដែល គឺ​បញ្ហា​នៅ​មជ្ឈឹម​បូ​ព៌ា គឺ​ត្រូវការ​ឱ្យ​មាន​បទ​ឈប់​បាញ់ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ជីវិត​មនុស្ស​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ឯកអគ្គរាជទូត​ម៉ាឡេស៊ី ក៏​បាន​ស្នើសុំ​សម្ដេច​តេជោ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី​។ សម្ដេច​តេ​ជោបាន​ឆ្លើយត​ប​ថា សម្តេច​ទទួលយក​ការអញ្ជើញ​ដោយ​ក្តី​រីករាយ ហើយ នឹង​រក​ពេលវេលា​សមស្រប​ណា​មួយ​នៅពេល​ខាងមុខ​ដើម្បី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ។​

​ជាទី​បញ្ជប់ សម្តេច​តេជោ បាន​ជូនពរ​ឯកឧត្តម​អគ្គ​រាជទូត និង​មន្ត្រី​ស្ថានទូត​ម៉ាឡេស៊ី​ទាំងអស់ មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច នៃ​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល